BULGARI ដាក់បង្ហាញស្នាដៃឯកគ្រឿងអលង្ការថ្មីៗដ៏អស្ចារ្យដែលបង្ហាញពីមុខងារ ពិសេសនៃគ្រឿងម៉ាស៊ីននាឡិកាតូចច្រឡឹង។
គ្រឿងម៉ាស៊ីននាឡិកាថ្មីមួយ ដែលជានិមិត្តសញ្ញាពិសេស៖ ស្នាដៃឯកថ្មី Serpenti Misteriosi របស់ក្រុមហ៊ុន Bulgari ដែលមានរូបរាងតូចច្រឡឹង ដែលបញ្ចូលរួមគ្នាជាមួយនឹងភាពឥតខ្ចោះ បែបគ្រឿងអលង្ការ និងការតុបតែងនៃ Maison ក្នុងទីក្រុងរ៉ូម។ នៅក្នុងឱកាសប្រារព្ធពិធី LVMH Watch Week ក្រុមហ៊ុន Bulgari បានដាក់បង្ហាញនាឡិកាដៃពិសេស Serpenti ថ្មីចំនួន ៤ដែលមានរចនាម៉ូឌលំនាំការច្នៃតាំងពីអំឡុងទសវត្សឆ្នាំ ១៩៥០ ក៏ជាការរំឮកខួប ៨០ ឆ្នាំនៃនាឡិកាមានគំរបដំបូងបំផុតរបស់ Bulgari ដែលមានបង្ហាញផ្ទៃមុខនាឡិការាងចតុកោណគ្របដោយគំរបបិទបើក ដែលដាំនូវគ្រាប់ពេជ្រយ៉ាងប្រណិត ថែមទាំងលម្អជាមួយនឹងគ្រាប់ពេជ្រទម្រង់ចតុកោណទ្រវែងយ៉ាងភ្លឺចែងចាំងទៀតផង។
ម៉ូឌែលថ្មីៗទាំងនេះ មានបំពាក់ជាមួយនឹងគ្រឿងម៉ាស៊ីននាឡិកាបែប Piccolissimo ថ្មីទាំងអស់ដែលមានរាងតូចល្អិតពិសេស និងបានផលិតផ្តាច់មុខទាំងស្រុងដោយក្រុមហ៊ុនផលិតផ្ទាល់ របស់ Bulgari នៅក្នុងតំបន់ Le Sentier នៃប្រទេសស្វីស។ គ្រឿងម៉ាស៊ីននាឡិកា BVL100 បានស្តារឡើងវិញនូវគ្រឿង “ម៉ូទ័រ” យ៉ាងតូចដែលគេតែងបំពាក់ក្នុងប្រភេទនាឡិកាដៃរបស់ស្រ្តីរហូតដល់ដើមទសវត្សឆ្នាំ ១៩៧០។
មុខងារថ្មីនៃការបង្រួមខ្នាតមកយ៉ាងតូចច្រឡឹង
នៅក្នុងទំហំអង្កត់ផ្ចិត ១២,៣០ មម និងកម្រាស់ ២,៥០ មម គ្រឿងម៉ាស៊ីននាឡិកាសេរី BVL100 ដាក់បង្ហាញ ម៉ោង និងនាទី នៅក្នុងបរិវេណក្បាលសត្វពស់។ ក្រុមហ៊ុនផលិតបានបើកគាស់បទពិសោធន៍ដ៏សម្បូរបែបកន្លងមកក្នុងដែននាឡិកា Finissimo ដើម្បីបង្កើតជាការច្នៃថ្មីដែលតូចស្រាលនិងមានទម្ងន់ត្រឹមតែ ១,៣០ ក្រាមប៉ុណ្ណោះ។ ការបង្រួមមកជាទ្រង់ទ្រាយដ៏តូចនៃសមាសធាតុទាំង ១០២ បានបង្ហាញយ៉ាងរស់រវើកនៅក្នុងបន្ទះអង្កត់ផ្ចិតសរុបត្រឹមតែ ៥ មមនិងកម្រាស់ត្រឹមតែ ១,៤៧ មម និងបន្ទះទ្រនិចដែលមានប្រវែង ១៧០ មម មុនពេលមួល។ ជាងនេះទៅទៀត ដើម្បីធានាបាននូវនិចលភាពដ៏អស្ចារ្យបំផុត ទៅតាមទំហំតូចបំផុតនៃចលនាក្រុមហ៊ុនផលិតបានដាក់នូវបន្ទះកាំផ្តល់លំនឹងមួយដែលធ្វើពីមាសពណ៌សទៀតផង។
ដំណើរនិងដំណែលនៃ Serpenti
នាឡិកាប្រភេទគំរបបិទបើករបស់ Serpenti ដំបូងបំផុតត្រូវបានគេស្គាល់ជាផ្លូវការនៅចុងទសវត្សឆ្នាំ ១៩៥០។ ការបង្កើតជាថ្មីជាច្រើនជាពណ៌មាស ពីរ ឬបីរួមបញ្ចូលគ្នាជាមួយនឹងដែកដោយលំនាំតាមឯកទេសជំនាញរបស់ Bulgari ជាមួយនឹងពណ៌ចម្រុះលេចធ្លោ ក៏ដូចជាសិល្បះ ហត្ថកម្មដ៏លម្អិត និងសម្ភារៈផ្គួបផ្សំយ៉ាងវិសេសវិសាលជាច្រើនទៀត។ ផ្ទៃមុខនាឡិកាមានរាងជាការ៉េ រាងរង្វង់ រាងចតុកោណ និងរាងមុខប្រាំបីផងដែរ ថែមទាំងមានរាងជាក្បាលសត្វពស់។ សមិទ្ធផលទាំងនេះបង្ហាញពីប្រវត្តិ និងបទពិសោធន៍ច្នៃប្រឌិតដ៏សម្បូរបែបដែលក្រុមហ៊ុន Bulgari បានបង្កើតក្នុងរចនាម៉ូឌបែប Serpenti៖ ស៊ុមមុខនាឡិកាមានការបង្កើតជាថ្មីដោយដាំជាមួយនឹងគ្រាប់ពេជ្រ គ្រាប់ត្បូង ឬស្រោបពណ៌ប៉ូលីក្រូមជាដើម។ សម្រាប់ម៉ូឌែលផ្សេងៗទៀតស៊ុមមុខនាឡិកាត្រូវបានបម្លែងទៅជាកូនបាល់តូចៗបន្សារជាប់ៗគ្នា ពីមួយគ្រាប់ទៅមួយគ្រាប់ទៀតដែលបង្កើតបានជាសំណាញ់ស្រេះពណ៌មាសយ៉ាងលម្អិតមួយ។ រីឯក្បាលសត្វវិញក៏មានសភាពខុសៗគ្នាដែររវាងម៉ូឌែលនីមួយៗ និងលម្អទៅដោយគ្រាប់ពេជ្របែបដាំបង្កប់បែបចតុកោណទ្រវែង បែបស្តួច បែបរលោងផ្លេកៗ ឬបែបទ្រវែងស្តួចជាដើមដើម្បីផ្តល់នូវភាពលេចធ្លោបែ្លកគ្នាសម្រាប់ ម៉ូឌនីមួយៗ។
ដោយឆ្លុះបញ្ជាងពីស្មារតីមុះមុតរបស់ Maison ម៉ូឌែលថ្មី Serpenti Misteriosi មានពណ៌យ៉ាងសម្បូរបែប និងល្អត្រចង់ ដោយសង្កត់ធ្ងន់លើភាពប្រសប់ នៃសិល្បះច្នៃលម្អ ក៏ដូចជាភាពជំនាញឯកទេសក្នុងវិស័យគ្រឿងអលង្ការផងដែរ។
ស្នាដៃឯករបស់ជាងមាស និងវត្ថុធាតុផ្សំជាច្រើនរបស់ពួកគេត្រូវបានបង្កើតឡើងដោយឡែកពីគ្នាមុនពេលបង្រួបទៅជាការច្នៃម៉ូឌរួមមួយ។ ការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ត្រូវបានផ្តោតលើការចនាម៉ូឌជារួមនៃរចនាសម្ព័ន្ធលោហៈដ៏មានតម្លៃ ដែលបង្កើតទៅជាខ្សែ និងស៊ុមដែលធានាបាននូវផាសុកភាព និងភាពស្រាលស្រួលពាក់នៅលើដៃ។

នៅក្នុងម៉ូឌែលកំណែទម្រង់ដ៏អេឡេហ្គង់ទាំងនេះផងដែរ ទឹកខ្មុកម្រ័ក្សថ្លាត្រូវបានលាប និងសម្ងួតដោយដៃផ្ទាល់ ជាច្រើនដងនៅលើនោះដែលបង្កើតជាភាពផុសជាក់ច្បាស់នៅពេលដែលស្ងួត។ ចំពោះដែកនៅលើស៊ុមមុខវិញ មានលំនាំឆ្នូតធ្វើដោយដៃ ដែលបង្កើនភាពភ្លឺលេចធ្លោនៃការលម្អម៉ូឌយ៉ាងពិសេស។
ការរួបរួមគ្នាយ៉ាងល្អបំផុតនៃ Haute Horlogerie និង High Jewellery ត្រូវបានប្រារព្ធយ៉ាងវិសេសវិសាលតាមរយៈ ការបកស្រាយដែលគួរឲ្យទាក់ទាញបំផុតក្នុងទម្រង់ជាមាសពណ៌ស និងមាសពណ៌លឿង៖ សត្វពស់រុំខ្លួនឯងនៅជុំវិញកដៃ ជាមួយនឹងខ្សែមាសពណ៌លឿងពីរជាន់ លម្អទៅដោយគ្រាប់ពេជ្រភ្លឺរលោងនៅលើក្បាល និងកន្ទុយធ្វើពីមាសពណ៌ស។ ចំណែកឯបរិវេណក្បាលសត្វពស់វិញត្រូវបានបំពាក់ដោយផ្កាមួយដុំជាមួយនឹងពេជ្ររាងមូលដែលក្លាយជាចំណុចប្រសព្វដ៏អស្ចារ្យនៃនាឡិកាម៉ូឌែលនេះ។
ដោយសម្លឹងទៅកាន់ពិភពលោកតាមរយៈកែវភ្នែកជាកែវ ត្បូងទទឹម ត្បូងមរកត និង ត្បូងពេជ្រនាឡិកាម៉ូឌែល Serpenti Misteriosi បានផ្តល់នូវអត្ថន័យសហសម័យថ្មីចំពោះលម្ហូរធម្មជាតិដ៏អស្ចារ្យនៃពេលវេលា។
នៅក្នុងប្រពៃណីដ៏បរិសុទ្ធរបស់ Serpenti ដែលត្រូវគេស្គាល់ជាផ្លូវការលើកដំបូងក្នុងកំឡុងទសវត្សឆ្នាំ ១៩៥០ម៉ូឌែលថ្មីនីមួយៗឆ្លុះលើភាពសម្បូរបែបនៃ The Roman Jeweller of Time នៅក្នុងសិល្បះហត្ថកម្មដ៏អស្ចារ្យរបស់ពួកគេ និងឯកទេសផលិតនាឡិការបស់ប្រទេសស្វីស។ ដោយផ្អែកតាមម៉ូឌែលដើមទាំងនោះ នាឡិកាត្រូវបានច្នៃឡើងសម្រាប់ពាក់នៅលើដៃខាងណាក៏បាន៖ ប្រអប់នាឡិកាត្រូវបានគ្របដោយក្បាលសត្វពស់នៅពីលើ បំពាក់ដោយស៊ុមមុខនាឡិកាស្រោបដោយគ្រាប់ពេជ្រ និងទ្រនិចវិលជុំនៅពីក្រោម ដែលអាចដកចេញ និងប្តូរទិសដៅ បានយ៉ាងងាយស្រួល ដើម្បីអាចមើលឃើញបានយ៉ាងងាយទាំងនៅខាងស្តាំដៃ និងឆ្វេងដៃ។
